កុមារីគថ្លង់
ថ្ងៃអាទិត្យ ទី២៨
រឿងដែលល្អបំផុតនៅចុងបញ្ចប់ខែឧសភាគឺដំណើរទស្សនកិច្ចរបស់ខ្ញុំនាព្រឹកនេះ។ ពួកយើងរៀបចេញពីផ្ទះ ស្រាប់តែឮសំឡេងកណ្ដឹងទ្វារ ដូច្នេះក៏ទៅមើលថានរណាគេមក។ ខ្ញុំឮពុកលាន់មាត់៖
– គឺលោកទេ ចចចូ (Giorgio) ? – គឺពូចចចូ ដែលជាអ្នកថែសួនយើងនៅឈេរី និងមានគ្រួសារនៅកុងឌូ។ គាត់ទើបមកពីហ្សឺណូវ៉ា ដែលគាត់ឆ្លងកាត់ពេលធ្វើដំណើរពីប្រទេសក្រិកវិញកាលពីថ្ងៃមុន ក្រោយពីធ្វើការលើផ្លូវដែកទីនោះរយៈពេលបីឆ្នាំ។ គាត់មានរាងចាស់ជាងពេលខ្ញុំឃើញគាត់លើកមុនបន្តិច ប៉ុន្តែទឹកមុខគាត់រីកដូចផ្កា។
លោកពុកអញ្ជើញគាត់ចូលក្នុង ប៉ុន្តែគាត់បដិសេធ និងបែរមកសួរដោយម៉ឺងម៉ាត់ថា៖
– តើគ្រួសារខ្ញុំយ៉ាងម៉េចហើយ ? ជីចា (Gigia) ខ្ញុំសុខសប្បាយឬទេ ?
– ប៉ុន្មានថ្ងៃមុននាងមិនអីទេ – ម្ដាយខ្ញុំឆ្លើយ។
ពូចចចូដកដង្ហើមធូរទ្រូងហើយពោល៖
– អរគុណព្រះម្ចាស់ថ្លៃ ! ខ្ញុំគ្មានភាពក្លាហានបង្ហាញមុខនៅមន្ទីរគថ្លង់ដោយមិនបានឮដំណឹងពីនាងជាមុនឡើយ។ ខ្ញុំសូមផ្ញើវ៉ាលិសនៅទីនេះសិន នឹងអាលប្រញាប់ទៅរកនាង។ បីឆ្នាំហើយដែលខ្ញុំមិនបានឃើញមុខកូនស្រីគួរឱ្យអាណិតរបស់ខ្ញុំ ! បីឆ្នាំហើយដែលខ្ញុំខានបានជួបជុំបងប្អូនជនរួមជាតិយើង !
ពុកខ្ញុំបង្គាប់ខ្ញុំឱ្យទៅកំដរគាត់។
– សូមសួរមួយទៀត – អ្នកថែសួនមកដល់មាត់ជណ្ដើរ នឹកឃើញបែរសួរ ប៉ុន្តែពុកខ្ញុំនិយាយកាត់៖
– ហើយចុះរបរលោកយ៉ាងណាដែរ ?
– ល្អណាស់ៗ – គាត់ឆ្លើយ – ដោយបានគុណបុណ្យព្រះប្រទាន ខ្ញុំសល់លុយប៉ុន្មានសុលឌីមកផ្ទះវិញដែរ។ ប៉ុន្តែអំបាញ់មិញនេះខ្ញុំចង់សួរទានថាតើកូនតូចខ្ញុំរៀនសូត្រដល់ណាហើយ។ សូមប្រាប់ខ្ញុំបន្តិចមក។ ពេលខ្ញុំចាកចេញទៅ វានៅតូចក្រូចឆ្មារតែមួយ។ ខ្ញុំមិនសូវមានទំនុកចិត្តលើមជ្ឈមណ្ឌលអស់នោះប៉ុន្មានទេ។ តើនាងចេះធ្វើភាសាសញ្ញាបានឬនៅ ? ប្រពន្ធខ្ញុំសរសេរសំបុត្រប្រាប់ខ្ញុំថា នាងកំពុងរៀនចេះខ្លះហើយ ? ប៉ុន្តែខ្ញុំគិតខ្លួនឯងថា៖ នាងចេះបានប្រយោជន៍អ្វីបើខ្ញុំមិនចេះភាសាសញ្ញាផង ? តើយើងយល់គ្នាទៅវិញទៅមកយ៉ាងដូចម្ដេច ? ឱ ! កូនកម្សត់ពុក ! ប៉ុន្តែបើសិននាងអាចទាក់ទងអ្នកគថ្លង់ដូចគ្នា ក៏ម្យ៉ាងដែរ សុទ្ធតែមនុស្សអភ័ព្វដូចគ្នា។ តើនាងយ៉ាងណាហើយ ? យ៉ាងម៉េចទៅហើយ ?
ឪពុកខ្ញុំញញឹមប្រាប់វិញថា៖
– ខ្ញុំមិនប្រាប់លោកទេ ទុកឱ្យលោកមើលឃើញផ្ទាល់នឹងភ្នែកចុះ។ តោះទៅចុះ ! កុំឱ្យនាងតូចចាំឪពុកខ្លួនយូរទៀត !
ពួកយើងក៏ចេញដំណើរពីផ្ទះ។ មជ្ឈមណ្ឌលគថ្លង់ដែលយើងនិយាយនៅមិនឆ្ងាយទេ។ នៅតាមផ្លូវ បោះជំហានវែងៗបណ្ដើរ ពូថែសួនច្បារសំណេះសំណាលជាមួយខ្ញុំបណ្ដើរ។ គាត់កាន់តែនិយាយកាន់តែតូចចិត្ត៖
– ឱ ! ជីចាកូនពុក។ មិនគួរណាកូនកើតមកអភ័ព្វបែបនេះសោះ ! ពូមិនបានដែលឮនាងហៅ «ពុក» ហើយនាងក៏មិនដែលឮពូហៅ «កូនស្រី» ម្ដងឡើយ។ នាងមិនដែលនិយាយឬឮពាក្យមួយម៉ាត់ណាឡើយមួយជីវិតនេះ ! សំណាងហើយដែលមានមនុស្សចិត្តធម៌ជួយឧបត្ថម្ភឱ្យនាងនៅមជ្ឈមណ្ឌល ប៉ុន្តែកាលនោះនាងអាយុមិនគ្រប់៨ឆ្នាំ មិនទាន់អាចចូលបាន។ ឥឡូវនាងឃ្លាតពីផ្ទះអស់បីឆ្នាំហើយ មកដល់ឆ្នាំនេះអាយុ១១ឆ្នាំល្មម។ តើនាងធំច្រើនទេ ប្រាប់ពូមើល តើនាងធំប៉ុណ្ណាហើយ ? នាងសប្បាយចិត្តទេ ?
– បន្តិចទៀតពូឃើញហើយ – ខ្ញុំប្រាប់គាត់ រួចដើរប្រញាប់ជាងមុនឱ្យឆាប់ដល់។
– តែអគារនោះនៅឯណា ? – គាត់សួរ។ – កាលប្រពន្ធពូយកនាងទៅកន្លែងនោះ ពូទៅបាត់ហើយ។ ពូគិតថាប្រហែលទៅតាមផ្លូវនោះ។
ពួកយើងទៅដល់ភ្លាម ក៏ចូលក្នុងបន្ទប់ទទួលភ្ញៀវ ហើយអ្នកយាមទ្វារម្នាក់ចេញមកជួបពួកយើង។
– ខ្ញុំត្រូវជាឪពុកជីចា វ៉ចជី (Gigia Voggi) – ពូថែសួនបន្លឺឡើង – សូមជួបកូនស្រីខ្ញុំបន្តិច។
– ពួកគេកំពុងចេញលេង – អ្នកយាមតបវិញ – ចាំខ្ញុំទៅប្រាប់អ្នកគ្រូ – រួចគាត់ក៏ចេញទៅ។
ពូថែសួនរសេះរសោះនិយាយមិនចេញហើយក៏នៅមិនស្ងៀម ភ្នែកគ្រលៀសមើលផ្ទាំងគំនូរនៅលើជញ្ជាំង ប៉ុន្តែចិត្តនៅមិនជាប់ខ្លួន។ ទ្វារបើកឡើង លេចមុខអ្នកគ្រូបង្រៀនស្លៀកពាក់ឈុតខ្មៅ ចូលមកក្នុង កាន់ដៃក្មេងស្រីម្នាក់។
ឪពុកនិងកូនស្រីសម្លឹងមើលគ្នាទៅវិញទៅមកមួយសន្ទុះ ហើយក៏ស្រែករត់ឱបគ្នា។ កុមារីស្លៀករ៉ូបឆ្នូតពណ៌រាងក្រហមនិងក្រណាត់អៀមពណ៌ស។ នាងខ្ពស់ជាងខ្ញុំ យំបណ្ដើរ ក្រសោបឱបកឪពុកខ្លួនបណ្ដើរ។ ឪពុកនាងវិញដកខ្លួនចេញ ហើយចាប់ផ្ដើមមើលនាងពីក្បាលដល់ចុងជើងទាំងទឹកភ្នែកទឹកសម្បោរ ដង្ហើមដកមិនស្មើគ្នាដូចទើបរត់មកពីណា។ គាត់ថ្លែង៖
– កូនពុកធំមែនទែន ! ស្អាតណាស់ ! ឱ ! ជីចាដ៏កម្សត់របស់ពុក ! កូនស្រីគថ្លង់គួរឱ្យអាណិតរបស់ពុក ! អ្នកគ្រូ ! សូមជួយប្រាប់នាងឱ្យធ្វើភាសាសញ្ញាប៉ុន្មានម៉ាត់ប្រាប់ខ្ញុំបន្តិចបានទេ ក្រែងលោខ្ញុំចាប់បានខ្លះ។ ចាំខ្ញុំនឹងរៀនឱ្យចេះដែរ។ សូមជួយបង្គាប់នាងឱ្យបង្ហាញភាសាងាយៗឱ្យខ្ញុំមើលយល់ផង។
អ្នកគ្រូញញឹមរួចនិយាយតិចៗដាក់ក្មេងស្រីថា៖
– តើគាត់មកជួបកូនឯងនេះជានរណាគេ ?
កុមារីញញឹមព្រាយ បន្លឺសំឡេងគ្រលរចម្លែកដូចមនុស្សព្រៃទើបរៀននិយាយភាសាមនុស្សជាលើកដំបូង តែប្រកបព្យាង្គមួយៗច្បាស់ៗថា៖
– គាត់គឺ…ឪ-ពុកខ្ញុំ។
ពូថែសួនផ្ងារក្រោយ ស្រែកដូចមនុស្សវិកលចរិត៖
– នាងចេះនិយាយ ! ប៉ុន្តែម៉េចនឹងអាចទៅរួច ! ម្ដេចក៏ដូច្នេះ ! នាងចេះនិយាយមែន ! កូននិយាយបានមែន កូនពុក ! ប្រាប់ពុកមើល កូនពិតជានិយាយបានមែនឬ ? – រួចគាត់ឱបថើបនាងលើថ្ងាសបីបួនដង។ – អ្នកគ្រូ ពួកក្មេងៗដូចកូនខ្ញុំមិនមែននិយាយដោយប្រើភាសាសញ្ញាទេឬ ? គេមិនប្រើម្រាមដូចអញ្ចេះទេ ?
– ចាស អត់ទេ – អ្នកគ្រូប្រាប់វិញ – គេមិនប្រើសញ្ញាទាំងនោះទៀតទេ។ វាជាវិធីពីមុន បច្ចុប្បន្នគេប្រើវិធីថ្មីនេះ គឺបញ្ចេញសំឡេងតាមមាត់។ ហេតុម្ដេចបានជាលោកមិនដឹង ?
– ខ្ញុំមិនដឹងសោះ – ពូថែសួនសារភាពដោយធ្វើភ្នែកឡិងឡង់ – ខ្ញុំទៅធ្វើការឆ្ងាយអស់បីឆ្នាំ។ ប្រហែលខ្ញុំបានទទួលសំបុត្រទាក់ទងនឹងរឿងនេះដែរ ប៉ុន្តែខ្ញុំអានមិនយល់ ហេតុតែខ្ញុំវាល្ងង់ស្រាប់។ ឱ ! កូនតូចពុក ! អ៊ីចឹង កូនស្ដាប់ពុកនិយាយបានទេ ? កូនឮសំឡេងពុកទេ ? ឆ្លើយពុកមើល កូនឮទេ ? កូនឮថាពុកនិយាយអ្វីខ្លះទេ ?
– អត់ទេ លោកពូ – អ្នកគ្រូពន្យល់ប្រាប់ – នាងមិនអាចស្ដាប់ឮពូនិយាយទេ ព្រោះនាងថ្លង់។ នាងអាចយល់បានពីការកម្រើកបបូរមាត់របស់ពូពេលនិយាយ ប៉ុន្តែនាងមិនឮសំឡេងពូនិយាយទេ សូម្បីតែសំឡេងដែលនាងនិយាយទៅកាន់ពូក៏ដោយ។ នាងប្រកបពាក្យពេចន៍អំបាញ់មិញរួច ដោយសារពួកយើងបានបង្ហាត់បង្រៀននាងមួយតួអក្សរៗ ថាត្រូវធ្វើមាត់និងគន្លាស់អណ្ដាតរបៀបណា និងត្រូវខំបញ្ចេញសំឡេងតាមទ្រូងនិងបំពង់ក។
ពូអ្នកថែសួនមិនយល់អ្វីសោះ បានត្រឹមតែឈរចំហមាត់ធ្លុង។ គាត់នៅតែមិនជឿថាអាចទៅរួចយ៉ាងណាបាន។
– ប្រាប់ពុកមើល – គាត់និយាយដាក់ត្រចៀកកូនស្រី – តើកូនសប្បាយចិត្តទេដែលពុកត្រឡប់មកវិញ ? – រួចគាត់ងើយមុខរង់ចាំចម្លើយ។
កុមារីសម្លឹងមើលមុខគាត់ដោយម៉ត់ចត់ ប៉ុន្តែមិនស្ដីអ្វី។ បុរសជាឪពុកប្រែទឹកមុខងឿងឆ្ងល់។
អ្នកគ្រូសើច ហើយពន្យល់ទៀតថា៖
– លោកពូ នាងមិនឆ្លើយនឹងពូព្រោះនាងមិនឃើញបបូរមាត់ពូពេលនិយាយទេ ព្រោះពូនិយាយដាក់ត្រចៀកនាង។ ពូត្រូវសួរសំណួរនាងម្ដងទៀត តែលើកនេះដាក់ខ្លួនឱ្យចំមុខនាង។
ឪពុកក្មេងស្រីសម្លឹងចំមុខនាង ហើយសួរសាជាថ្មី៖
– តើកូនសប្បាយចិត្តទេដែលពុកត្រឡប់មកវិញ និងលែងចាកចេញទៅទៀត ?
កុមារីសម្លឹងមើលមាត់ឪពុកខ្លួនយ៉ាងផ្ចិតផ្ចង់ ទាំងបបូរមាត់និងក្នុងមាត់ រួចឆ្លើយភ្លាមថា៖
– ចាស កូនសប្បាយចិត្តណាស់ដែលពុកត្រឡប់មកវិញ និងលែងចាកចេញទៅទៀត។
ឪពុកស្ទុះឱបនាង ហើយបន្ទាប់មកទៀត ដើម្បីឱ្យប្រាកដក្នុងចិត្ត ក៏ចាប់ផ្ដើមសួរនាងហូរហែជាបន្តបន្ទាប់។
– ម្ដាយកូនឈ្មោះអ្វី ?
– អង់តូន្យា (Antonia) ។
– ហើយចុះប្អូនស្រីកូនឯង ?
– អាឌិឡែដិ៍ (Adelaide) ។
– មន្ទីរនេះឈ្មោះអ្វី ?
– មន្ទីរគថ្លង់។
– ពីរគុណដប់ស្មើប៉ុន្មាន ?
– ម្ភៃ។
ពួកយើងស្មានតែគាត់នឹងសើចសប្បាយចិត្ត ប៉ុន្តែគាត់បែរជាទ្រហោយំទៅវិញ ដោយសាររំជួលចិត្តពេក។
– ពូតាំងចិត្តឡើង – អ្នកគ្រូនិយាយលួង – លោកពូគួរតែសប្បាយចិត្តមិនគួរយំទេ។ ពូឃើញទេ តែពូយំក៏ធ្វើឱ្យកូនស្រីពូយំដែរ។ សូមសប្បាយចិត្តឡើង។
ពូអ្នកថែសួនថើបដៃអ្នកគ្រូពីរបីដង ហើយនិយាយញាប់ស្មេរថា៖
– អរគុណ អរគុណ អរគុណជាអនេកប្បការ។ អរគុណក្រៃលែង អ្នកគ្រូ ! ហើយអត់ឱនទោសឱ្យខ្ញុំផងដែលមិនចេះរៀបឫកពាល្អជាងនេះ !
– កូនពូមិនត្រឹមតែចេះនិយាយទេ នាងចេះទាំងអានទៀត។ នាងចេះគិតលេខ ស្គាល់ឈ្មោះវត្ថុប្រចាំថ្ងៃទាំងអស់។ នាងក៏ចេះប្រវត្តិសាស្ត្រតិចៗនិងមានការយល់ដឹងពីភូមិសាស្ត្រ។ ឥឡូវនាងនៅថ្នាក់ធម្មតា។ ពេលនាងឡើងពីរថ្នាក់ទៀត នាងនឹងកាន់តែចេះដឹងច្រើនជាងមុន។ ពេលនាងចាកចេញពីកន្លែងនេះ នាងនឹងមានសមត្ថភាពគ្រប់គ្រាន់ចាប់យកអាជីពអ្វីមួយជាមិនខាន។ ពួកយើងមានអ្នកគថ្លង់ដែលចេញពីមជ្ឈមណ្ឌលយើងទៅបម្រើការក្នុងហាង បម្រើភ្ញៀវ និងចេះធ្វើជំនួញដូចអ្នកផងឯទៀតដែរ។
ពូថែសួនភាន់ភាំងស្មារតីសាជាថ្មី។ គាត់មានអាការដូចគំនិតគាត់ច្របូកច្របល់អស់រលីង។ គាត់សម្លឹងមើលកូនខ្លួនបណ្ដើរអេះថ្ងាសបណ្ដើរ។ ទឹកមុខគាត់ហាក់ចង់សួរឱ្យពន្យល់ថែមទៀត។ បន្ទាប់មក អ្នកគ្រូបង្គាប់ឱ្យអ្នកយាមទ្វារហៅកុមារីម្នាក់ពីថ្នាក់ត្រៀម។ ពូអ្នកយាមទ្វារក៏ត្រឡប់មកវិញមួយស្របក់ក្រោយជាមួយក្មេងស្រីម្នាក់អាយុប្រមាណ៩ឆ្នាំ ដែលទើបនឹងចូលរៀននៅមន្ទីរនេះប៉ុន្មានថ្ងៃមុន។
– កូនសិស្សម្នាក់នេះ – អ្នកគ្រូចាប់ផ្ដើមបកស្រាយ – ជាម្នាក់ក្នុងចំណោមកូនសិស្សដែលយើងបង្រៀនអក្ខរក្រមមូលដ្ឋានដំបូងៗ។ យើងបង្រៀនតាមរបៀបនេះ។ ខ្ញុំចង់ឱ្យនាងចេះបញ្ចេញសំឡេង «អា» ។ ចាំមើលណា៎។
អ្នកគ្រូចំហមាត់ដូចអ្នកហៀបនឹងបញ្ចេញសំឡេង «អា» រួចគាត់ធ្វើសញ្ញាឱ្យកុមារីនោះធ្វើមាត់តាមគាត់។ កុមារីក៏ធ្វើតាមបង្គាប់។ រួចហើយ អ្នកគ្រូធ្វើសញ្ញាប្រាប់ឱ្យនាងបញ្ចេញសំឡេង។ កុមារីបញ្ចេញសំឡេងប៉ុន្តែមិនចេញសូរ «អា» បែរជាចេញសូរ «អូ» ទៅវិញ។
– អត់ទេ – អ្នកគ្រូប្រាប់ – អត់ត្រូវទេ។
គាត់ចាប់ដៃក្មេងស្រីទាំងសងខាង ដាក់ដៃម្ខាងលើកគាត់និងម្ខាងទៀតលើទ្រូងគាត់ ហើយគាត់បញ្ចេញសំឡេង «អា» ម្ដងទៀត។ ក្មេងស្រីតាមកាយវិញ្ញាណដឹងពីចលនាបំពង់កនិងទ្រូងរបស់អ្នកគ្រូ ក៏ហើបមាត់ដូចមុន និងបញ្ចេញសំឡេង «អា» យ៉ាងច្បាស់ៗ។ បន្ទាប់មកទៀត អ្នកគ្រូបង្រៀននាងឱ្យនិយាយអក្សរ «គ» «ល» «ដ» តាមមធ្យោបាយឱ្យដាក់ដៃលើបំពង់កនិងទ្រូងគាត់ដូចគ្នា។
– តើលោកពូយល់ហើយឬនៅ ? – អ្នកគ្រូបកមកសួរវិញ។
ឪពុកក្មេងស្រីពេលនេះយល់ហើយ ប៉ុន្តែហាក់ដូចជាកាន់តែភ្ញាក់ផ្អើលជាងពេលមិនទាន់យល់ទៀត។
– តើអ្នកគ្រូបង្រៀនកូនសិស្សទាំងអស់ឱ្យនិយាយតាមរបៀបនេះឬ ? – គាត់ឈ្លេចសួរ បន្ទាប់ពីពិចារណាអស់មួយសន្ទុះធំ ភ្នែកសម្លឹងមើលអ្នកគ្រូរង់ចាំចម្លើយ។ – អ្នកគ្រូពិតជាមានភាពអត់ធ្មត់មែនដែលត្រូវបង្រៀនពួកគេរបៀបនេះបន្តិចម្ដងៗ ហើយត្រូវធ្វើដដែលៗចំពោះកូនសិស្សម្នាក់ៗ ជាច្រើនឆ្នាំកន្លងមកនេះ ! ឱ ! អ្នកគ្រូចិត្តដូចព្រះ ! ដូចទេវតាចុះពីឋានលើ !…ឥឡូវខ្ញុំសូមអត់ទោស សូមនិយាយជាមួយកូនស្រីខ្ញុំប្រាំនាទី។
គាត់នាំកូនគាត់ទៅម្ខាង រួចចាប់ផ្ដើមសួរនាងពីនេះពីនោះ ហើយពេលកូនគាត់ឆ្លើយ គាត់សើចទាំងទឹកភ្នែករលីងរលោង ដៃទះជង្គង់ បបោសអង្អែលកូនស្រីផង សម្លឹងមើលនាងដោយកែវភ្នែកស្រទន់ ដូចលង់ស្មារតីអណ្ដែងអណ្ដូងនឹងការឮនាងនិយាយស្ដី ប្រៀបបានសំឡេងពីឋានសួគ៌ា។ ក្រោយមកគាត់សួរអ្នកគ្រូ៖
– តើខ្ញុំអាចសូមការអនុញ្ញាតទៅអរគុណលោកនាយកមន្ទីរនេះបានឬទេ ?
– លោកនាយកគាត់មិននៅទេ – អ្នកគ្រូតប។ – ប៉ុន្តែមានមនុស្សម្នាក់ទៀតដែលលោកពូគួរតែអរគុណ។ គឺក្មេងម្នាក់នេះ។ ក្មេងស្រីទាំងអស់តែងមានក្មេងស្រីម្នាក់ទៀតដែលអាយុបង តាមជួយមើលថែ ដើរតួជាបងស្រីឬជាម្ដាយ។ កូនស្រីពូត្រូវនៅក្រោមការឃុំគ្រងពីកូនសិស្សគថ្លង់ម្នាក់ទៀតអាយុ១៧ឆ្នាំ ដែលត្រូវជាកូនអ្នកដុតនំប៉័ង។ នាងពិតជាស្រឡាញ់ចូលចិត្តកូនស្រីពូដោយស្មោះអស់ពីចិត្ត។ តាំងពី២ឆ្នាំកន្លងទៅ ជារៀងរាល់ព្រឹក នាងជួយគ្នាស្លៀកពាក់ សិតសក់ បង្រៀនឱ្យចេះដេរប៉ាក់ ប៉ះកំណាត់ខោអាវ និងរមែងនៅកំដរគ្នា។ ជីចា តើម្ដាយកូននៅមន្ទីរនេះឈ្មោះអ្វី ?
កុមារីញញឹមឆ្លើយ៖
– កាតឺរីណា ចរដាណូ (Caterina Giordano) ។
រួចនាងបែរមកប្រាប់ពុកខ្លួន៖
– ចិត្តល្អខ្លាំងណាស់។
ពូអ្នកយាមដែលមុននេះចេញទៅតាមបង្គាប់អ្នកគ្រូ ឥឡូវត្រឡប់មកវិញជាមួយនឹងក្មេងស្រីគថ្លង់ម្នាក់ទៀត សក់ទង់ដែងមាឌមាំមួន ទឹកមុខរួសរាយ និងស្លៀករ៉ូបឆូតក្រហមពាក់អៀមពណ៌ប្រផេះដូចគ្នា។ នាងឈប់នៅអែនអនអឹមអៀននឹងមាត់ទ្វារ រួចបន្ទន់ខ្លួនញញឹមគំនាប់។ នាងថ្វីត្បិតតែមានខ្លួនជាមនុស្សធំ តែឥរិយាបថដូចកូនក្មេង។
កូនស្រីពូចចចូរត់ទៅចាប់ដៃនាង អូសដូចកូនក្មេងមកជួបឪពុកខ្លួន ដោយប្រកាសនឹងសំឡេងគ្រលរៗ៖
– កាតឺរីណា ចរដាណូ។
– ឱ ! ក្មួយល្អណាស់ ! – ឪពុកក្មេងស្រីឧទាន ហើយគាត់លូកដៃរកនឹងបបោសអង្អែលនាង ប៉ុន្តែទប់ខ្លួនដកដេញចេញវិញ ហើយបន្តនិយាយថា៖
– ពុទ្ធោ ! ក្មួយស្រី ! សុំព្រះអង្គទាំងឡាយជួយថែឃុំគ្រងក្មួយណា ! សូមឱ្យទ្រង់ប្រទានតែសុភមង្គលនិងសេចក្ដីមេត្តាប្រោសប្រណីដល់ក្មួយ ឱ្យក្មួយជួបតែរឿងល្អៗលើសមនុស្សផងទាំងពួង។ ក្មួយសាងបុណ្យច្រើនណាស់ដែលបានជួយមើលថែកូនជីចារបស់ពូ។ ទាំងនេះសុទ្ធតែជាសម្ដីចេញពីមាត់កម្មករសុចរិតម្នាក់និងឪពុកនៃគ្រួសារកម្សត់មួយ ដែលសុំជូនពរក្មួយអស់ពីចិត្តពីថ្លើម។
កុមារីបងឈរប្រកៀកប្រកើយកុមារីប្អូន ទាំងទឹកមុខញញឹមរីកដូចផ្កា ចំណែកពូអ្នកថែសួនបន្តគយគន់នាងហាក់ដូចកំពុងមើលរូបចម្លាក់ម៉ាដូណា (Madonna)។
– ឥឡូវពូអាចយកកូនពូទៅបាន – អ្នកគ្រូបន្លឺឡើង។
– បាទ ខ្ញុំនឹងយកនាងទៅ – ពូថែសួនឆ្លើយ។ – ចាំខ្ញុំយកនាងទៅកុងឌូហើយស្អែកព្រឹកយកនាងត្រឡប់មកទីនេះវិញ !
កូនគាត់ក៏រត់ទៅផ្លាស់ខោអាវ។
– ខ្ញុំខានឃើញប្រពន្ធកូនបីឆ្នាំហើយ – ពូថែសួននិយាយម្ដងទៀត – លុះឥឡូវនាងស្រាប់តែចេះនិយាយ ! ខ្ញុំចង់តែនាំនាងទៅកុងឌូវិញភ្លាម ប៉ុន្តែដំបូងខ្ញុំចង់ដឹកដៃកូនស្រីដើរលេងជុំវិញក្រុងទូរីនមួយជុំសិនដើម្បីសម្ញែងគេឯង រួចចាំខ្ញុំនាំនាងទៅជួបអ្នកដែលខ្ញុំស្គាល់ប៉ុន្មាននាក់ ឱ្យគេឮនាងនិយាយផង ! ឱ ! ថ្ងៃនេះពិតជាល្អប្រពៃណាស់ ! ប្រហែលនេះហើយដែលគេហៅថាសេចក្ដីសុខសាន្ត ! តោះ ! ហុចដៃមក កូនស្រី ឱ្យដៃពុកមក កូនស្រីជីចារបស់ពុក !
កុមារីដែលទើបត្រឡប់មកវិញ ខ្លួនពាក់អាវក្រៅនិងមួកកាតឹប ហុចដៃឱ្យគាត់កាន់។
– អរគុណអ្នកទាំងអស់គ្នា – ឪពុកនាងនិយាយម្ដងទៀតនៅមាត់ទ្វារ។ – អរគុណគ្រប់គ្នាអស់ពីដួងចិត្ត ! ខ្ញុំនឹងត្រឡប់មកម្ដងទៀត អរគុណច្រើន !
គាត់ឈរគិតមួយស្របក់ រួចគាត់ដកដៃចេញពីកូនស្រី ហើយបកក្រោយមកវិញ ដៃស្ទាបក្នុងហោប៉ៅខោហោប៉ៅអាវ រួចស្រែកដូចមនុស្សកម្រោលចូល៖
– ត្បិតខ្ញុំក្រ ប៉ុន្តែខ្ញុំមានប្រាក់២០លៀរនេះទុកជូនឧបត្ថម្ភមជ្ឈមណ្ឌល សុទ្ធតែមាសថ្មីជ្រើង! – ហើយគាត់បោះប្រាក់ក្ឌាំងទៅលើតុ។
– ទេៗ ពូចិត្តបានណាស់ – អ្នកគ្រូរំភើបចិត្តស្ដីប្រកែក – ពូទុកប្រាក់វិញចុះ។ ខ្ញុំមិនហ៊ានទទួលយកទេ ហើយពួកយើងក៏មិនត្រូវការដែរ។ ចាំលោកពូអញ្ជើញមកម្ដងទៀត ពេលដែលលោកនាយកនៅទីនេះ។ ប៉ុន្តែខ្ញុំធានាប្រាប់ពូឱ្យហើយ ថាគាត់ក៏នឹងមិនព្រមទទួលយកដែរ។ ពូខំប្រឹងហូរញើសហូរឈាមដើម្បីបានមួយកាក់មួយសេន។ ទោះពូមិនជួយជាថវិកា ក៏ពួកយើងអរគុណពូណាស់ចំពោះសន្ដានចិត្ត។
– មិនថ្វីទេ ខ្ញុំសុខចិត្តជូនដោយស្ម័គ្រចិត្ត – ពូថែសួនទទូចចចេស – ហើយចាំពេលក្រោយ ចាំយើងគិតទៀត។
តែអ្នកគ្រូមិនព្រម យកកាក់ញាត់ចូលក្នុងហោប៉ៅអាវគាត់វិញភ្លាម មិនឱ្យគាត់ដឹងខ្លួនទាន់។ លុះទាល់តម្រិះ លោកពូក៏ញាក់ស្មាបោះបង់គំនិតចោល ហើយយកដៃខ្លួនប៉ះមាត់ថើបលាអ្នកគ្រូនិងកុមារីម្នាក់ទៀត រួចកៀកដៃកូនស្រីដើរចេញតាមទ្វារ ដោយនិយាយជាចុងក្រោយ៖
– មកៗ កូនពុក ទ្រព្យគាប់ចិន្ដារបស់ពុក !
រីឯកុមារីគថ្លង់បន្លឺឡើងដោយសំឡេងគ្រលរ៖
– ព្រឹកនេះមេឃមានថ្ងៃល្អណាស់។
ម៉ាដូណា (Madonna) ជារូបចម្លាក់តំណាងឱ្យម៉ារីដែលត្រូវជាមាតារបស់ព្រះយេស៊ូគ្រិស្ត។