បរាជ័យមិនមែនជាកំហុស តែជាបទពិសោធន៍

ជីវិតប្រៀបដូចជាសមុទ្រដ៏ធំធេង ដែលជួនកាលយើងម្នាក់ៗត្រូវបង្ខំចិត្តជិះទូកកាត់តាមព្យុះភ្លៀងដ៏កំណាចដោយគ្មានជម្រើស។ ក្នុងកំឡុងពេលដែលមេឃងងឹតសូន្យឈឹង យើងអាចនឹងមានអារម្មណ៍ថាខ្លួនឯងកំពុងលិចចុះទៅក្នុងជម្រៅទឹកដែលពោរពេញដោយភាពឯកោ និងការអស់សង្ឃឹម។ ការលំបាកដែលមនុស្សម្នាក់ៗជួបប្រទះ មិនមែនសុទ្ធតែដូចគ្នានោះទេ អ្នកខ្លះត្រូវឈឺចាប់ព្រោះតែការទុកចិត្តត្រូវបានគេក្បត់ អ្នកខ្លះត្រូវបាត់បង់ទ្រព្យសម្បត្តិដែលខំសន្សំពេញមួយជីវិតដោយសារតែការចាញ់បោកគេ ឬការជឿជាក់លើមនុស្សខុស ហើយអ្នកខ្លះទៀតត្រូវឃើញក្តីស្រមៃនៃអាជីវកម្មរបស់ខ្លួនរលាយសាបសូន្យទៅមុខព្រោះតែការខាតបង់ដែលមិនបានព្រមានទុក។

នៅពេលដែលយើងធ្លាក់ចុះដល់ចំណុចទាបបំផុតនៃជីវិត សំណួរដំបូងដែលតែងតែលេចឡើងក្នុងចិត្តគឺ «ហេតុអ្វីបានជារឿងនេះកើតឡើងចំពោះខ្ញុំ?»។ យើងចាប់ផ្តើមបន្ទោសវាសនា បន្ទោសខ្លួនឯងដែលមិនបានប្រុងប្រយ័ត្ន ឬពេលខ្លះយើងខឹងសម្បារនឹងភាពស្មោះត្រង់របស់ខ្លួនឯង ដែលក្លាយជាអាវុធសម្រាប់អ្នកដទៃយកមកចាក់ត្រឡប់មកវិញ។ ការដែលត្រូវគេបោកប្រាស់ ឬការត្រូវគេខ្សែលើ វាមិនត្រឹមតែធ្វើឱ្យយើងខាតបង់លុយកាក់ប៉ុណ្ណោះទេ ប៉ុន្តែវាបានបំផ្លាញទំនុកចិត្ត ដែលយើងមានចំពោះមនុស្សជាតិ និងពិភពលោកទាំងមូល។ វាធ្វើឱ្យយើងមានអារម្មណ៍ថា ភាពល្អបរិសុទ្ធក្នុងចិត្តរបស់យើង គឺជាភាពល្ងង់ខ្លៅដែលគេអាចជាន់ឈ្លីបាន។

ទោះជាយ៉ាងណា ប្រសិនបើយើងពិនិត្យមើលឱ្យស៊ីជម្រៅ យើងនឹងឃើញថា ការឈឺចាប់ដែលកើតចេញពីការខាតបង់ទាំងនេះ គឺជាគ្រូដែលបង្រៀនយើងបានល្អបំផុត។ មនុស្សម្នាក់ដែលធ្លាប់ចាញ់បោកគេ នឹងក្លាយជាមនុស្សដែលមានវិចារណញ្ញាណមុតស្រួចជាងមុន។ មនុស្សម្នាក់ដែលធ្លាប់ខាតបង់ក្នុងជំនួញរហូតអស់ពីខ្លួន នឹងក្លាយជាមនុស្សដែលមានស្មារតីរឹងមាំ និងមានផែនការច្បាស់លាស់ជាងមុន។ បទពិសោធន៍ដ៏ជូរចត់ទាំងនេះ មិនមែនមកដើម្បីបំបាក់យើងឱ្យដេកដួលជារៀងរហូតឡើយ ប៉ុន្តែវាបានមកដើម្បីជម្រុះចោលនូវភាពទន់ជ្រាយ និងជំនួសមកវិញនូវភាពចាស់ទុំដែលទ្រព្យសម្បត្តិរាប់លានក៏មិនអាចទិញបានដែរ។

ការបន្តទៅមុខទៀតក្នុងស្ថានភាពដែលយើងមិនសល់អ្វីក្នុងដៃ គឺជាការតស៊ូដ៏អស្ចារ្យបំផុត។ វាមិនអីទេ ប្រសិនបើថ្ងៃនេះអ្នកចង់យំ វាមិនអីទេ ប្រសិនបើថ្ងៃនេះអ្នកមានអារម្មណ៍ថាខ្លួនឯងហត់នឿយរហូតចង់ឈប់សម្រាក។ ប៉ុន្តែ ចូរចងចាំថា ការឈប់សម្រាកមិនមែនជាការបោះបង់នោះទេ។ កម្លាំងចិត្តដែលពិតប្រាកដ មិនមែនកើតចេញពីការមិនដែលដួលនោះទេ ប៉ុន្តែវាស្ដែងចេញមកនៅពេលដែលយើងដឹងថាខ្លួនឯងដួលហើយ យើងនៅតែមានឆន្ទៈក្នុងកាក្តាប់ដៃបង្ខំចិត្តងើបឈរឡើងវិញ ទោះបីជាជង្គង់នៅឈឺចាប់ក៏ដោយ។ កុំអនុញ្ញាតឱ្យកំហុសរបស់អ្នកដទៃមកកំណត់តម្លៃនៃអនាគតរបស់អ្នក។ បើគេបោកប្រាស់អ្នក វាគឺជាកំហុសរបស់គេ ប៉ុន្តែបើអ្នកបោះបង់ជីវិតខ្លួនឯងដោយសារតែទង្វើរបស់គេ នោះទើបជាការខាតបង់ដ៏ពិតប្រាកដ។

ក្នុងនាមជាមនុស្សម្នាក់ដែលធ្លាប់ឆ្លងកាត់ការលំបាក ខ្ញុំចង់ប្រាប់អ្នកថា គ្រប់យ៉ាងដែលអ្នកកំពុងជួបនៅពេលនេះ វានឹងក្លាយជា “អតីតកាល” នៅថ្ងៃណាមួយ។ ស្នាមរបួសដែលអ្នកមាននឹងក្លាយជាស្នាមសម្លាកដែលបញ្ជាក់ពីភាពរឹងមាំរបស់អ្នក។ ជំនួសឱ្យការអង្គុយស្តាយក្រោយនឹងអ្វីដែលបាត់បង់ ចូរចាប់ផ្តើមផ្តោតលើអ្វីដែលអ្នកនៅសល់។ អ្នកនៅមានដង្ហើម អ្នកនៅមានចំណេះដឹងដែលបានមកពីការឈឺចាប់ ហើយអ្នកនៅមានឱកាសដើម្បីសរសេរជំពូកថ្មីនៃជីវិតរបស់អ្នក។ ពិភពលោកនេះធំទូលាយណាស់ ផ្លូវមួយត្រូវបានបិទ មិនមែនមានន័យថាគ្មានផ្លូវផ្សេងទៀតសម្រាប់ដើរនោះទេ។ ជួនកាលទេវតាឬច្បាប់ធម្មជាតិ បានបិទផ្លូវចាស់ដែលមិនល្អសម្រាប់យើង ដើម្បីបង្ខំឱ្យយើងស្វែងរកផ្លូវថ្មីដែលអស្ចារ្យជាងមុន និងសមស្របនឹងសមត្ថភាពថ្មីរបស់យើង។

ចូរមានជំនឿលើខ្លួនឯងម្តងទៀត។ ចូរមានមេត្តាចំពោះខ្លួនឯង ហើយកុំដាក់ទោសខ្លួនឯងព្រោះតែទង្វើអាក្រក់របស់អ្នកដទៃ។ ការរស់នៅឱ្យបានល្អ និងការទទួលបានជោគជ័យជាថ្មី គឺជាការសងសឹកដ៏ខ្ពង់ខ្ពស់បំផុតចំពោះអ្នកដែលធ្លាប់មើលងាយ ឬធ្វើបាបអ្នក។ ចូរដើរទៅមុខដោយស្ងៀមស្ងាត់ រៀនសូត្រពីកំហុសអតីតកាល ហើយប្រើប្រាស់វាជាឈ្នាន់ដើម្បីហក់លោតឱ្យបានខ្ពស់ជាងមុន។ នៅថ្ងៃដែលអ្នកជោគជ័យ អ្នកនឹងក្រឡេកមកមើលថ្ងៃនេះដោយស្នាមញញឹម ហើយអរគុណដល់ការលំបាកទាំងនេះដែលបានជួយកសាងអ្នកឱ្យក្លាយជាមនុស្សដ៏អស្ចារ្យម្នាក់នៅថ្ងៃអនាគត។ កុំបោះបង់ឱ្យសោះ ព្រោះពន្លឺនៃថ្ងៃរះថ្មី កំពុងរង់ចាំអ្នកនៅខាងមុខជានិច្ច។

Image

រង់ចាំមើលសារតាមទូរស័ព្ទដើម្បីគ្រាន់តែចង់ឃើញពាក្យមួយម៉ាត់ថា “នៅរស់”

ថ្ងៃនេះ ក្នុងពេលដែលខ្ញុំកំពុងអូសមើល Reddit ខ្ញុំបានប្រទះឃើញរឿងរ៉ាវដ៏រំជួលចិត្តមួយ ចេញពីគណនីរបស់អ្នកប្រើប្រាស់ម្នាក់ឈ្មោះ Alex (ឈ្មោះប្តូរដើម្បីសុវត្ថិភាព)។ គាត់គឺជាទាហានស្ម័គ្រចិត្តម្នាក់នៅភាគខាងកើតប្រទេសអ៊ុយក្រែន។ អត្ថបទរបស់គាត់មិនមែនជាការទាមទារក្តីអាណិត ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងពី “ភាពរឹងមាំនៃជីវិត” ក្នុងកាលៈទេសៈដ៏ខ្មៅងងឹតបំផុត។

ខ្លឹមសារដកស្រង់ពី Alex<<

“ជីវិតអាចរលាយសូន្យត្រឹមតែមួយថ្ងៃ ប៉ុន្តែវានៅតែបន្តទៅមុខ…”

សួស្ដីអ្នកទាំងអស់គ្នា សូមអភ័យទោសចំពោះភាសាអង់គ្លេសរបស់ខ្ញុំ ខ្ញុំសរសេរអត្ថបទនេះដោយខ្លួនឯងតាមរយៈកម្មវិធីបកប្រែ ដូច្នេះវាអាចនឹងមិនល្អឥតខ្ចោះទេ។ ខ្ញុំគ្រាន់តែចង់ចែករំលែកផ្នែកតូចមួយនៃរឿងរ៉ាវពិតរបស់ខ្ញុំ។

ឈ្មោះរបស់ខ្ញុំត្រូវបានផ្លាស់ប្តូរដើម្បីសុវត្ថិភាព ប៉ុន្តែអ្នកអាចហៅខ្ញុំថា Alex។ ខ្ញុំមកពីភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ នៅពេលសង្គ្រាមចាប់ផ្ដើម ជីវិតរបស់ខ្ញុំបានរលាយសូន្យត្រឹមតែមួយថ្ងៃ។ ផ្ទះសម្បែង ការងារ និងអ្វីៗគ្រប់យ៉ាងដែលធ្លាប់តែមាន ត្រូវបានបាត់បង់អស់គ្មានសល់។ ដំបូងឡើយ ខ្ញុំមិនចង់ជឿថាវាជាការពិតនោះទេ​ តែក្រោយមកទើបខ្ញុំយល់ថា ខ្ញុំត្រូវតែរៀនរស់នៅក្នុងការពិតថ្មីមួយនេះ ដែលមិត្តភក្តិត្រូវទៅសមរភូមិប្រយុទ្ធ ហើយក្រុមគ្រួសារត្រូវជាប់គាំងនៅក្រោមការត្រួតត្រារបស់សត្រូវ។សមាជិកគ្រួសាររបស់ខ្ញុំដែលស្ថិតនៅទីនោះ មានដូចជា មីង បងប្អូនប្រុសពីរនាក់ យាយ និងម្ដាយក្មេក។ ជួនកាលគ្មានអ៊ីនធឺណិត គ្មានអគ្គិសនី និងគ្មានសេវាទូរស័ព្ទ។ អ្នកនៅខាងនេះត្រូវទន្ទឹងរង់ចាំរាប់ថ្ងៃ ដើម្បីទទួលសារទូរស័ព្ទពីសាច់ញាតិត្រឹមពាក្យខ្លីមួយម៉ាត់ថា “នៅរស់”

Image

បន្ទាប់ពីឆ្លងកាត់ភាពតានតឹង និងរឿងរ៉ាវទាំងឡាយ សុខភាពរបស់ពួកគាត់ក៏ចាប់ផ្ដើមធ្លាក់ចុះ។ ដោយសារតែវ័យកាន់តែជ្រេ វាក៏កាន់តែពិបាកសម្រាប់ពួកគាត់ក្នុងការស្វែងរកការងារធ្វើ។ ខ្ញុំព្យាយាមជួយពួកគាត់ដែរ ប៉ុន្តែជួនកាលខ្ញុំក៏មិនដឹងថាត្រូវធ្វើយ៉ាងណាឡើយ។

នៅពេលដែលការវាយប្រយុទ្ធគ្នាខិតជិតមកដល់ ខ្ញុំនិងភរិយាក៏សម្រេចចិត្តចាកចេញ។ ពួកយើងបានធ្វើដំណើរប្រហែល ៤០០ គីឡូម៉ែត្រ ឆ្លងកាត់ផ្លូវដែលពោរពេញដោយគ្រាប់កាំភ្លើង និងភាពវឹកវរ ដោយប្រើពេលបើកបរជិត ២៤ ម៉ោង។ យើងបានប្រមូលយកអ្វីដែលយើងអាចយកតាមខ្លួនបាន… រួមទាំងឆ្មារបស់យើងផងដែរ។ វាពិតជាពិបាកណាស់ក្នុងការរកមធ្យោបាយធ្វើដំណើរ ឬកន្លែងស្នាក់នៅ ប៉ុន្តែគាត់ (ឆ្មា) គឺជាគ្រួសារ យើងមិនអាចបោះបង់នាងចោលបានទេ។

មិនមានជំនួយពិតប្រាកដពីរដ្ឋាភិបាលឡើយ ព្រោះយើងមមិនមែនករណីបន្ទាន់។ ខ្ញុំបាត់បង់ការងារ និងមិនមានលទ្ធភាពសងប្រាក់កម្ចី។ ធនាគារមិនខ្វល់ពីរឿងសង្គ្រាមទេ គេគ្រាន់តែបន្ថែមការប្រាក់ប៉ុណ្ណោះ។ ផ្ទះដែលខ្ញុំបានចំណាយពេលសាងសង់អស់ជាច្រើនឆ្នាំ នៅសល់ត្រឹមជាបំណុលតែមួយមុខគត់។

ពួកយើងបានផ្លាស់ទៅរស់នៅតំបន់ជួរមុខ ខ្ញុំធ្វើការងាររាយរងដើម្បីបានប្រាក់បន្តិចបន្តួច គ្រាន់តែដើម្បីបន្តជីវិត និងចាប់ផ្ដើមជាថ្មី។ កាលពីមួយឆ្នាំមុន ខ្ញុំបានចូលរួមក្នុងជួរកងទ័ព ជាទាហានស្ម័គ្រចិត្ត។ មិនមែនដោយសារខ្ញុំចង់ធ្វើវាទេ ប៉ុន្តែដោយសារខ្ញុំមិនអាចឈរមើលភាពអយុត្តិធម៌នេះបាន។ អង្គភាពរបស់ខ្ញុំវាដូចជារស់នៅក្នុងសតវត្សមុនអ៊ីចឹង។ ពួកយើងមានអាវក្រោះចាស់ៗ អាវុធតាំងពីសម័យសូវៀត ហើយប្រអប់ថ្នាំពេទ្យប្រហែលជាអាចជួយបានត្រឹមតែទប់ទល់នឹងភាពរងារប៉ុណ្ណោះ។ ពួកយើងភាគច្រើនត្រូវទិញសម្ភារៈប្រើប្រាស់ដោយខ្លួនឯង ព្រោះគ្មានជម្រើសផ្សេងឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ យើងនៅតែព្យាយាមរស់។ ឥឡូវនេះភរិយារបស់ខ្ញុំស្ថិតនៅកន្លែងដែលមានសុវត្ថិភាពជាងមុន នាងធ្វើការ គូររូប ហើយជួនកាលទៅស្ទូចត្រី។ នៅពេលដែលខ្ញុំមានច្បាប់សម្រាករយៈពេលខ្លី ខ្ញុំតែងទៅសួរសុខទុក្ខនាង។ យើងអង្គុយចុះ និយាយគ្នា ឬគ្រាន់តែនៅស្ងៀមស្ងាត់ជាមួយគ្នា។ វាជាពេលដែលជួយឱ្យខ្ញុំនៅតែមានស្មារតីរឹងមាំ។

ក្នុងពេលទំនេរ ខ្ញុំព្យាយាមរក្សាភាពច្នៃប្រឌិត។ ខ្ញុំសរសេរអត្ថបទរឿងខ្លីៗ និងជួយមិត្តភក្តិបង្កើតម៉ាស៊ីនមេ (server) ហ្គេម DayZ។ វាគ្រាន់តែជាគម្រោងតូចតាច ប៉ុន្តែវាដាស់តឿនខ្ញុំថា ទោះបីជាចេញពីពិភពលោកដែលបែកបាក់ ក៏យើងនៅតែអាចបង្កើតអ្វីដែលថ្មីបានដែរ។

ខ្ញុំមិនបានសរសេររឿងនេះដើម្បីសុំក្តីអាណិតឡើយ។ ជីវិតឥឡូវនេះគឺជាការតស៊ូរាល់ថ្ងៃដើម្បីគ្រួសារ ដើម្បីស្ថិរភាព និងដើម្បីក្តីសង្ឃឹម។ ប្រសិនបើមាននរណាម្នាក់ចង់សួរនាំ ឬចង់ទាក់ទងមក ប្រអប់សាររបស់ខ្ញុំបើកជានិច្ច។ ពាក្យសម្តីល្អៗ ឬការគាំទ្រសាមញ្ញៗ មានតម្លៃលើសពីអ្វីដែលខ្ញុំអាចរៀបរាប់បាន។

ប្រសិនបើនរណាម្នាក់ចង់ទាក់ទងមកជាលក្ខណៈបុគ្គល ខ្ញុំក៏រីករាយនឹងទទួលយកដែរ។ ជួនកាល កាយវិការតូចតាច ឬដំបូន្មានខ្លះៗ ពិតជាអាចធ្វើឱ្យមានភាពខុសប្លែកខ្លាំង។

ប្រសិនបើអ្នកមានសំណួរ សូមសួរចុះ ខ្ញុំនឹងឆ្លើយនៅពេលណាដែលខ្ញុំអាចធ្វើបាន។

សូមអរគុណចំពោះការអាន និងអរគុណចំពោះការផ្ដល់តម្លៃជាមនុស្សជាតិ។

>>

រឿងរ៉ាវរបស់ Alex ហើយ ធ្វើឱ្យខ្ញុំមានអារម្មណ៍ក្តុកក្តួលជាខ្លាំង។ ក្នុងនាមជាជនជាតិខ្មែរ ដែលមកពីប្រទេសមួយដែលមានប្រវត្តិសាស្ត្ររងគ្រោះដោយសារសង្គ្រាម ការឈ្លានពាន និងមិនសូវខុសពីស្ថានភាពដែលបងប្អូនខ្មែរយើងកំពុងជួបប្រទះក្នុងវិបត្តិឈ្លានពានពីប្រទេសសៀមដែលបានបន្សល់ទុកនូវរបួសយ៉ាងជ្រៅសម្រាប់ពលរដ្ឋយើង។ សព្វថ្ងៃ ទោះបីជាមានបទឈប់បាញ់ជាធរមាន ប៉ុន្តែស្ថានភាពជាក់ស្តែងស្ថានភាពតានតឹងនៅតែអូសបន្លាយ។ បងប្អូនខ្មែរយើងនៅតាមតំបន់ព្រំដែនជាច្រើន នៅតែរស់ក្នុងភាពភ័យខ្លាច និងមិនទាន់មានសេចក្តីសុខពិតប្រាកដឡើយ។ ដូចគ្នានឹង Alex ដែរ ជនភៀសសឹកខ្មែរយើងជាច្រើនរូប មិនអាចត្រឡប់ទៅរស់នៅក្នុងលំនៅដ្ឋានដើមរបស់ខ្លួនបានឡើយ។ ផ្ទះសម្បែងដែលធ្លាប់ជាជម្រកដ៏កក់ក្តៅ ត្រូវបានបំផ្លិចបំផ្លាញ និងក្លាយជាតំបន់ហាមឃាត់។ បភាពដែលឈឺចាប់បំផុត គឺការដែលទាហានសៀមបានយកលួសបន្លាមកព័ទ្ធ និងយកកុងតឺន័រមកបិទខ្ទប់តំបន់ដែលជាដីខ្មែរ។ វាជាទង្វើឈ្លានពានដែលបិទសិទ្ធិសេរីភាព និងបង្កឱ្យមានភាពរងទុក្ខវេទនាដល់ពលរដ្ឋស្លូតត្រង់។ របងដែកទាំងនោះមិនត្រឹមតែបិទផ្លូវដើរទេ ប៉ុន្តែវាបានបិទទាំងមុខរបរ និងក្តីសង្ឃឹមរបស់ពលរដ្ឋយើង។ រឿងរ៉ាវរបស់ Alex និងស្ថានភាពនៅព្រំដែនកម្ពុជា បានបង្រៀនយើងថា សង្គ្រាម និងការឈ្លានពាន មិនដែលនាំមកនូវអ្វីក្រៅពីទឹកភ្នែក និងការបាត់បង់ឡើយ។ ទោះជាយ៉ាងណាក៏ដោយ ភាពរឹងមាំរបស់គាត់ ក៏ជាកម្លាំងចិត្តសម្រាប់យើងដែរ។ យើងត្រូវតែរួមគ្នា រក្សាស្មារតីតស៊ូ និងមិនត្រូវអស់សង្ឃឹមឡើយ។​

អត្ថបទដើមhttps://www.reddit.com/r/RealStories/comments/1oq4iix/how_life_can_end_in_one_day_and_still_somehow/

Image

ក្លាយជាមនុស្ស -ទឹកមាត់សាប- ក្នុងក្រសែភ្នែកគេ

ខ្ញុំតែងតែជឿថា ការសុំយោបល់គឺជាការល្អ។ វាជាការទទួលបានគំនិតបន្ថែមដើម្បីស្ថាបនា ព្រោះខួរក្បាលច្រើន ប្រាកដជាល្អជាងខួរក្បាលមួយ។ ការទទួលបានមតិយោបល់ពីគេ ធ្វើឱ្យយើងមើលឃើញបញ្ហាបានគ្រប់ជ្រុងជ្រោយ និងមានគំនិតថ្មីៗដែលយើងនឹកមិនឃើញ។

ប៉ុន្តែ…ពីបទពិសោធន៍ផ្ទាល់ ខ្ញុំបានរៀនពីមួយជ្រុងទៀត។

ការសុំយោបល់ ឬការបង្ហាញការលំបាកប្រាប់គេ ក៏មានគុណវិបត្តិរបស់វាដែរ ប្រសិនបើយើងមិនចេះមើល ប្រភេទមនុស្ស និងមិនចេះកំណត់ កម្រិតនៃការនិយាយ

ខ្ញុំបានសង្កេតឃើញថា នៅពេលដែលយើងពឹងពាក់គេ ឬយកបញ្ហាទៅពិគ្រោះជាមួយគេញឹកញាប់ពេក ដោយមិនបានមើលពីចរិតរបស់អ្នកស្តាប់ ឬកាលៈទេសៈ វាអាចផ្តល់ផលអវិជ្ជមានធំៗពីរយ៉ាងមកលើរូបខ្ញុំវិញ៖

១. គេដាក់ស្លាកយើងថាជា មនុស្សនាំបញ្ហា ទោះបីជាចេតនារបស់យើង គឺចង់បានដំណោះស្រាយល្អក៏ដោយ ប៉ុន្តែបើគ្រប់ពេលដែលយើងដើរទៅរកគេ គឺសុទ្ធតែមានរឿងត្រូវពិភាក្សា មានបញ្ហាត្រូវដោះស្រាយ… យូរៗទៅ ខួរក្បាលរបស់គេនឹងកត់សម្គាល់មុខរបស់យើងភ្ជាប់ជាមួយពាក្យថា “ទុក្ខកង្វល់ (Toxic)” ឬ “បន្ទុក”។ គេនឹងលែងមើលឃើញយើងជាមនុស្សដែលមានសមត្ថភាព តែគេមើលឃើញយើងជាមនុស្សដែលរស់នៅមិនចុះសម្រុង ឬខ្វះសមត្ថភាពដោះស្រាយបញ្ហាដោយខ្លួនឯង។

២. ទឹកមាត់សាប – នេះគឺជាចំណុចដែលគួរឱ្យខ្លាចបំផុត។ នៅពេលដែលគេបានវាយតម្លៃយើងថាជា “មនុស្សខ្សោយ” ឬ “មនុស្សមានបញ្ហាច្រើន” ហើយ… សម្តីរបស់យើងនឹងបាត់បង់ទម្ងន់ភ្លាមៗ។

សាកស្រមៃមើលថាថ្ងៃក្រោយ ខ្ញុំមានគំនិតល្អមួយ ឬខ្ញុំនិយាយរឿងដែលមានប្រយោជន៍បំផុតក្នុងកិច្ចប្រជុំ ឬក្នុងក្រុម។ ប៉ុន្តែ… គេបែរជា មិនស្តាប់ ឬ ច្រានចោល មតិរបស់ខ្ញុំទាំងកំរោល។

ហេតុអ្វី? មិនមែនមកពីគំនិតខ្ញុំមិនល្អទេ ប៉ុន្តែមកពី “Credit” របស់ខ្ញុំវាអស់ទៅហើយ។ គេមានអារម្មណ៍ថា “មនុស្សម្នាក់នេះ សូម្បីតែរឿងខ្លួនឯងដោះស្រាយមិនចង់ចេញផង មានសមត្ថភាពអីមកផ្តល់យោបល់ ឬគំនិតឱ្យគេ?”។ នេះហើយដែលចាស់ៗហៅថា ទឹកមាត់សាប។ និយាយត្រូវ ក៏គេថាខុស ឬគេធ្វើមិនដឹងមិនឮដែរ។

មេរៀនដែលបានខ្ញុំរៀន

ការសុំយោបល់មិនមែនជារឿងខុសទេ តែត្រូវមានបែបផែន និងប្រុងប្រយ័ត្នជាមុន៖

  • ត្រូវមើលប្រភេទមនុស្សឱ្យច្បាស់សិន កុំនិយាយរឿងបញ្ហា ឬភាពលំបាកប្រាប់មនុស្សដែលចាំតែវាយតម្លៃគេ។
  • ត្រូវជ្រើសរើសនិយាយជាមួយតែមនុស្សដែល “ចាស់ទុំ” និងចេះ “យល់ចិត្ត” ពិតប្រាកដ។ មនុស្សខ្លះ យើងនិយាយដើម្បីស្វែងរកពន្លឺ តែគេបែរជាយកពន្លឺមកដុតយើងទៅវិញ។
  • កុំឱ្យរាល់ការសន្ទនាមានតែរឿង “សុំយោបល់” ឬ “ត្អូញត្អែរ”។ ត្រូវមានពេលខ្លះដែលយើងបង្ហាញពី “ភាពរឹងមាំ” “ដំណោះស្រាយ” និង “ភាពជោគជ័យ” របស់យើងខ្លះដែរ។ ធ្វើបែបនេះ ទើបគេនៅតែផ្តល់តម្លៃ និងជឿជាក់លើសមត្ថភាពរបស់យើង។
  • រឿងខ្លះ ទុកឱ្យវានៅជាអាថ៌កំបាំងខ្លះទៅ ល្អជាងនិយាយអស់។ ការរក្សាភាពស្ងៀមស្ងាត់ក្នុងរឿងទុក្ខលំបាកខ្លះ ធ្វើឱ្យយើងមើលទៅជាមនុស្សរឹងមាំ និងមានទំនួលខុសត្រូវ។

សរុបមក៖ យើងនៅតែត្រូវការយោបល់ពីអ្នកដទៃដើម្បីរីកចម្រើន ប៉ុន្តែត្រូវប្រុងប្រយ័ត្នជាងមុន។ ខ្ញុំមិនចង់ឱ្យភាពស្មោះត្រង់របស់ខ្ញុំ ក្លាយជាអាវុធដែលធ្វើឱ្យគេមើលមកខ្ញុំក្នុងផ្លូវអវិជ្ជមាន ហើយបិទផ្លូវខ្ញុំនៅថ្ងៃក្រោយនោះទេ។

“តម្លៃនៃសម្តី មិនស្ថិតនៅលើអ្វីដែលយើងនិយាយទាំងស្រុងទេ ជួនកាលស្ថិតនៅលើថា តើអ្នកណាជាអ្នកនិយាយ។ បើយើងធ្វើឱ្យខ្លួនឯងមានតម្លៃ សម្តីរបស់យើងទោះតិច ក៏មានគេស្តាប់ដែរ។”

Image

ហេតុអ្វីយើងមិនត្រូវយករឿងខាងក្នុងប្រាប់អ្នកក្រៅ?

ការរក្សារឿងរ៉ាវមិនចុះសម្រុងគ្នានៅក្នុងរង្វង់មនុស្សដែលពាក់ព័ន្ធផ្ទាល់ គឺជាភាពចាស់ទុំមួយដែលយើងគួរមាននៅក្នុងការរស់នៅ។ មូលហេតុដែលយើងមិនគួរយកបញ្ហាខាងក្នុងទៅរៀបរាប់ប្រាប់អ្នកដទៃដាច់ខាតនោះ ក៏ព្រោះតែនៅពេលដែលមនុស្សយើងមានរឿងមិនសប្បាយចិត្ត យើងមាននិន្នាការនិយាយតែអ្វីដែលយើងបានឃើញ និងលើកតែរឿងល្អៗពីខាងខ្លួនឯងដើម្បីការពារខ្លួនយើងតែប៉ុណ្ណោះ។

Image

បញ្ហារវាងមនុស្សពីរនាក់វាប្រៀបដូចជាការឆ្លុះកញ្ចក់អញ្ចឹង ដែលយើងអាចមើលឃើញយ៉ាងច្បាស់តែរូបភាពនៅខាងមុខ តែយើងមិនអាចមើលឃើញចំណុចខ្វះខាតនៅពីក្រោយខ្នងខ្លួនឯងឡើយ លុះត្រាតែអ្នកផ្សេងជាអ្នកជួយសម្លឹងទើបអាចមើលឃើញ។ ហេតុនេះហើយ នៅពេលដែលយើងយកបញ្ហាទៅប្រាប់អ្នកដទៃ អ្នកដែលស្តាប់ច្បាស់ជានឹងវិនិច្ឆ័យភ្លាមថាភាគីម្ខាងទៀតជាអ្នកបង្កបញ្ហា ឬជាមនុស្សមិនល្អ ព្រោះគេទទួលបានព័ត៌មានតែម្ខាងដែលចេញពីមាត់របស់យើង។ ការនិយាយរឿងខាងក្នុងប្រាប់អ្នកខាងក្រៅ មិនត្រឹមតែមិនអាចជួយដោះស្រាយបញ្ហាឱ្យបានល្អប្រសើរនោះទេ តែវាកាន់តែធ្វើឱ្យរឿងរ៉ាវកាន់តែស្មុគស្មាញ និងបាត់បង់តម្លៃដែលធ្លាប់មានចំពោះគ្នា។ ការដោះស្រាយបញ្ហាដោយផ្ទាល់ជាមួយមនុស្សដែលពាក់ព័ន្ធ គឺជារឿងដែលល្អបំផុត ព្រោះមានតែយើងខ្លួនឯងទេដែលដឹងពីការពិតនៅពីក្រោយរឿងរ៉ាវគ្រប់យ៉ាង ចំណែកអ្នកដទៃគេគ្រាន់តែមើលឃើញមួយជ្រុងតាមរយៈសម្តីដែលយើងបានប្រាប់គេតែប៉ុណ្ណោះ។

កែប្រែហានិភ័យឬបញ្ហា ទៅជាឱកាស

រាល់ពេលដែលយើងជួបបញ្ហា ឬឧបសគ្គ តើប្រតិកម្មដំបូងរបស់យើងគឺជាអ្វី? ការត្អូញត្អែរ? ការភ័យខ្លាច? ឬការស្វែងរកដំណោះស្រាយ?

នៅក្នុងកំណត់ហេតុថ្ងៃនេះ ខ្ញុំចង់ចែករំលែកនូវទស្សនៈមួយដែលខ្ញុំទទួលបានពីការងារប្រចាំថ្ងៃរបស់ខ្ញុំក្នុងនាមជាអ្នកទទួលបន្ទុកផ្នែក Compliance (អនុលោមភាព) នៅរោងចក្រដែលខ្ញុំកំពុងធ្វើ។ ការងាររបស់ខ្ញុំមិនមែនគ្រាន់តែជាការត្រួតពិនិត្យឯកសារ ឬចាប់កំហុសនោះទេ ប៉ុន្តែវាក៏ជាមេរៀននៃការប្រែក្លាយ “ហានិភ័យ” ឱ្យទៅជា “ឱកាស”។ ខ្ញុំនិយាយនេះសំដៅលើស្តង់ដារ ISO 9001 ដែលរោងចក្ររបស់ខ្ញុំបានអនុវត្ត ហើយវាក៏អាចយកមកអនុវត្តនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃផងដែរ។

នៅក្នុងស្តង់ដារ ISO 9001 ត្រង់ចំណុច Clause 6.1 (Actions to address risks and opportunities) បានបង្រៀនយើងឱ្យចេះគិតទុកជាមុន។ វាមិនមែនគ្រាន់តែជាការការពារកុំឱ្យមានរឿងអាក្រក់កើតឡើងនោះទេ (Risk) ប៉ុន្តែវាក៏ជាការសម្លឹងមើលថា តើយើងអាចទាញយកផលចំណេញអ្វីខ្លះពីស្ថានការណ៍នោះ (Opportunity)។

នៅក្នុងជីវិតពិត ឬក្នុងការងារក៏ដូចគ្នា ក្នុងរឿងអាក្រក់ ជានិច្ចជាកាលក៏អាចមានរឿងល្អលាក់បាំងផងដែរ ប្រសិនបើយើងចេះសង្កេត។

ខ្ញុំសូមលើកឧទាហរណ៍ជាក់ស្តែងមួយនៅក្នុងរោងចក្រដែលខ្ញុំកំពុងធ្វើការ ពាក់ព័ន្ធនឹងការផលិតថង់ប្លាស្ទិក។

១. បញ្ហា/ហានិភ័យ (The Risk): មានពេលមួយ យើងបានជួបប្រទះនូវបញ្ហាទាក់ទងនឹងការកើនឡើងនៃតម្រូវការទីផ្សារដែលចង់បានផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន (Sustainable Trend )។ សម្រាប់រោងចក្រផលិតប្លាស្ទិកទូទៅ នេះគឺជាហានិភ័យធំមួយ ព្រោះវាអាចធ្វើឱ្យបាត់បង់អតិថិជនដែលស្រឡាញ់បរិស្ថាន ឬប្រឈមនឹងច្បាប់ថ្មីៗ។

២. ការស្វែងរកឱកាស (The Opportunity): ជំនួសឱ្យការបារម្ភ ពួកយើងបានវិភាគ “ឱកាសសម្រាប់ការបង្កើតថ្មី”។ យើងបានពង្រឹងខ្សែសង្វាក់ផលិតកម្មដោយងាកមកផលិតនូវជម្រើស Biodegradable options (ប្លាស្ទិកដែលរលាយក្នុងដី) ឱ្យកាន់តែច្រើន។ បន្ថែមពីនេះ យើងបានចាប់យកស្តង់ដារ GRS (Global Recycled Standard) ដើម្បីកសាងទំនុកចិត្តជូនអតិថិជន និងបង្ហាញពីឆន្ទៈពិតប្រាកដក្នុងការជួយដល់បរិស្ថាន តាមរយៈការប្រមូលសំណល់ប្លាស្ទិកទាំងក្នុងរោងចក្រ និងពីខាងក្រៅមកកែច្នៃប្រើប្រាស់ឡើងវិញ។

ជាលទ្ធផល ការផ្លាស់ប្តូរនេះបានធ្វើឱ្យយើងកែប្រែស្ថានការណ៍ពីការបារម្ភរឿងបាត់បង់អតិថិជន មកជាការទទួលបានឱកាសថ្មី។ រោងចក្ររបស់យើងបានក្លាយជាដៃគូដ៏គួរឱ្យទុកចិត្តសម្រាប់អតិថិជនដែលត្រូវការផលិតផលស្តង់ដារ និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងទាក់ទាញបានអតិថិជនថ្មីៗបន្ថែមដែលមានតម្រូវការផ្នែក Biodegradable និង Recycled Plastic ទៀតផង។

ឧទាហរហ៍នៅក្នុងជីវិតប្រចាំថ្ងៃវិញ អំឡុងពេលវិបត្តិកូវីដ-១៩ មានមនុស្សជាច្រើនដែលពីមុនមកមិនដែលហ៊ាននិយាយនៅមុខកាមេរ៉ា ប៉ុន្តែនៅពេលដែលហានិភ័យនៃសេដ្ឋកិច្ចចូលមកដល់ ពួកគេបែរជាអាច Live លក់ទំនិញអនឡាញ យ៉ាងស្ទាត់ជំនា។

នេះហើយគឺជាអ្វីដែលខ្ញុំចង់សង្កត់ធ្ងន់ ជួនកាល បញ្ហាមិនមែនចូលមកដើម្បីបំផ្លាញយើងទេ ប៉ុន្តែវាចូលមកដើម្បីបង្ខំឱ្យយើងស្វែងរកទេពកោសល្យដែលយើងមិនដែលដឹងថាខ្លួនឯងមាន។

ប្រសិនបើយើងប្រៀបធៀបនឹងការងារ Compliance វិញ៖

  • ហានិភ័យ (Risk): គឺការបាត់បង់ចំណូលតាមបែបបុរាណ (លក់នៅតូប ឬហាងផ្ទាល់)។
  • សកម្មភាពឆ្លើយតប (Action): ការសាកល្បងប្រើប្រាស់បច្ចេកវិទ្យា និងការបង្ហាញសមត្ថភាពនិយាយជាសាធារណៈ។
  • ឱកាស (Opportunity): ការរកឃើញបណ្តាញលក់ថ្មីដែលរីកចម្រើនជាងមុន (Online) និងការរកឃើញ “ទេពកោសល្យលាក់មុខ” របស់ខ្លួនឯង។

ការងារជា Compliance បង្រៀនខ្ញុំថា យើងមិនអាចគ្រប់គ្រងរាល់បញ្ហាដែលចូលមកក្នុងជីវិតបានទេ ប៉ុន្តែយើងអាចគ្រប់គ្រង “របៀបដែលយើងឆ្លើយតប (Response)” ចំពោះវា។

នៅក្នុងផ្នែក Compliance ប្រសិនបើយើងរកឃើញបញ្ហា យើងហៅវាថា Finding ឬ NC (Non-Conformity)។ ក្នុងជីវិតពិតក៏ដូចគ្នា បញ្ហាដែលចូលមកប្រៀបបាននឹង NC ដែលយើងមិនអាចគេចវេស ឬធ្វើមិនដឹងមិនឮបានឡើយ។ បើយើងបណ្តោយវាចោល វានឹងក្លាយជាបញ្ហារ៉ាំរ៉ៃដែលធ្វើឱ្យប្រព័ន្ធទាំងមូលដួលរលំ។ ដូច្នេះ ក្នុងនាមជា Compliance យើងត្រូវតែប្រឈមមុខ និងដោះស្រាយ (Response)

នៅពេលអ្នកជួបឧបសគ្គ សូមសាកល្បងអនុវត្តរូបមន្តនេះ៖

១. Identify (កំណត់បញ្ហា): តើអ្វីជាហានិភ័យពិតប្រាកដ?

២. Analyze (វិភាគ): តើមានច្រកចេញណាខ្លះ? តើក្នុងវិបត្តិនេះ មានចំណុចណាដែលអាចកែតម្រូវឱ្យល្អជាងមុនបានទេ

៣. Action (សកម្មភាព): ចាប់ផ្តើមធ្វើការកែប្រែភ្លាមៗ ដើម្បីប្រែក្លាយវាជាឱកាស។

    សរុបមក មិនថាអ្នកជាអ្នកជំនួញ ជាបុគ្គលិក ឬជានិស្សិតនោះទេ ការមានផ្នត់គំនិតបែប Risk-Based Thinking ដូចក្នុង ISO 9001 នឹងជួយឱ្យអ្នកមានភាពរឹងមាំជាងមុន។ រាល់ហានិភ័យដែលកើតឡើង វាប្រៀបដូចជាការដកបទពិសោធន៍ឱ្យយើងធ្វើការកែលម្អ (Continuous Improvement) ឱ្យកាន់តែប្រសើរឡើង។

    Image

    កំណត់ត្រាដើមឆ្នាំ ២០២៦!

    សួស្ដីឆ្នាំ ២០២៦!

    ពេលវេលាពិតជាដើរលឿនដូចគេថាមែន។ ហាក់ដូចជាទើបតែម្សិលមិញសោះ ដែលខ្ញុំអង្គុយសម្លឹងមើលប្រតិទិននៃឆ្នាំចាស់ ប៉ុន្តែពេលនេះ ឆ្នាំ ២០២៥ បានកន្លងផុតទៅយ៉ាងរហ័ស ដោយបន្សល់ទុកនូវអនុស្សាវរីយ៍ និងមេរៀនជាច្រើន។ នៅពេលដែលខ្ញុំឆ្លៀតពេលអង្គុយស្ងៀមស្ងាត់ ហើយរំលឹកដល់អ្វីដែលបានកើតឡើងក្នុងរយៈពេល ១២ ខែចុងក្រោយនេះ ខ្ញុំរកឃើញថា ជីវិតមិនចាំបាច់ទាល់តែមានរឿងអស្ចារ្យទើបហៅថាជោគជ័យនោះទេ។

    ខ្ញុំហៅឆ្នាំ ២០២៥ ថាជាឆ្នាំនៃសេរីភាពផ្ទាល់ខ្លួន។ ប្រសិនបើគេសួរខ្ញុំថា តើឆ្នាំ ២០២៥ សម្រេចបានអ្វីខ្លះ? ចម្លើយរបស់ខ្ញុំប្រហែលជាមិនមែនជាការឡើងតំណែងធំដុំ ឬការរកប្រាក់បានរាប់ម៉ឺនដុល្លារនោះទេ។ សម្រាប់ខ្ញុំ សមិទ្ធផលដែលខ្ញុំពេញចិត្តបំផុតគឺសាមញ្ញណាស់ គឺការដែលខ្ញុំអាចទិញឡានមួយគ្រឿង សម្រាប់ជាយានជំនិះផ្ទាល់ខ្លួន។

    ឯឆ្នាំ ២០២៦ នេះគឺជាជំហានថ្មីលើផ្លូវចាស់ដែលធ្លាប់ដួល។ សម្រាប់ឆ្នាំថ្មីនេះ ខ្ញុំបានកំណត់ទិសដៅថ្មីមួយទៀត ដែលមិនមែនជារឿងថ្មីសន្លាងទេ ប៉ុន្តែជាក្តីស្រមៃដែលមិនទាន់ចប់។ នោះគឺ ការបង្កើតមុខរបរផ្ទាល់ខ្លួន។

    ខ្ញុំមិនភ្លេចទេថា ខ្ញុំធ្លាប់បរាជ័យម្តងរួចមកហើយកាលពីដើមឆ្នាំ២០២០។ រសជាតិនៃការបរាជ័យនោះនៅតែដក់ជាប់ក្នុងអារម្មណ៍ ការខាតបង់ ការអស់សង្ឃឹម និងការភ័យខ្លាច។ ប៉ុន្តែ ខ្ញុំជឿថា ការបរាជ័យកាលពីអតីតកាល មិនមែនជាសាលក្រមកាត់ទោសថាខ្ញុំមិនអាចធ្វើវាបានម្តងទៀតនោះទេ។ ផ្ទុយទៅវិញ វាជាមេរៀន និងជាដើមទុននៃបទពិសោធន៍ដែលប្រាក់មិនអាចទិញបាន។

    ខ្ញុំនឹងនៅតែបន្តបំពេញតួនាទីជាបុគ្គលិកក្រុមហ៊ុន ដើម្បីរក្សាចំណូល និងស្ថិរភាព ប៉ុន្តែខ្ញុំនឹងឆ្លៀតពេលវេលាដែលសល់ ឆ្លៀតកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីរៀបចំគ្រឹះសម្រាប់អាជីវកម្មផ្ទាល់ខ្លួនដ៏តូចមួយ។ វាជាការនឿយហត់ទ្វេដង តែវាជាផ្លូវដែលមានសុវត្ថិភាពសម្រាប់ខ្ញុំ។ គោលបំណងរបស់ខ្ញុំគឺសាមញ្ញណាស់ គឺបង្កើតមុខរបរដែលជាចំណូលចិត្ត ផ្តល់ភាពសុខសាន្ត និងអាចកំដរជីវិតដ៏សែនសាមញ្ញរបស់ខ្ញុំបាននៅថ្ងៃអនាគត។

    ឥឡូវនេះ ខ្ញុំកំពុងតែចាប់ផ្តើមរៀបចំផែនការបណ្តើរៗហើយ។ ខ្ញុំនឹងដើរមួយជំហានម្តងៗ ដោយប្រយ័ត្នប្រយែងជាងមុន ប៉ុន្តែពោរពេញដោយក្តីសង្ឃឹមជាងមុន។

    សូមស្វាគមន៍ឆ្នាំ ២០២៦! ខ្ញុំមិនដឹងថាផ្លូវខាងមុខនឹងរលូន ឬរដិបរដុបទេ ប៉ុន្តែខ្ញុំនឹងបន្តជាមួយនឹងដៃដែលកាន់ចង្កូតឡានដោយខ្លួនឯង៕

    សុផាត

    ១០ មករា ២០២៦

    Image

    អ្វីក៏ដោយឱ្យតែមានពាក្យថា “ពេក” គឺមិនល្អទេ!

    ធ្លាប់ចាប់អារម្មណ៍ទេថា ហេតុអ្វីបានជាចាស់ៗតែងពោលថា “អ្វីដែលហួសប្រមាណ តែងនាំមកនូវផលវិបាក”? នៅក្នុងភាសាខ្មែរយើង មានពាក្យមួយម៉ាត់ដែលខ្លី ប៉ុន្តែមានអត្ថន័យដាស់តឿនយើងយ៉ាងខ្លាំង នោះគឺពាក្យថា “ពេក”។

    Image

    មិនថាជារឿងការងារ ស្នេហា ឬការរស់នៅប្រចាំថ្ងៃនោះទេ នៅពេលដែលយើងបន្ថែមពាក្យថា “ពេក” ចូលទៅ អត្ថន័យល្អៗអាចនឹងប្រែទៅជាអវិជ្ជមានភ្លាមៗ។ ថ្ងៃនេះ យើងនឹងមកពិភាក្សាគ្នាថា តើហេតុអ្វីបានជាការរក្សា “តុល្យភាព” ទើបជាគន្លឹះនៃសេចក្តីសុខពិតប្រាកដ។

    ១. ស្រលាញ់ “ពេក”

    ក្តីស្រលាញ់ជារឿងដ៏ស្រស់ស្អាត ប៉ុន្តែការ ស្រលាញ់ពេក អាចក្លាយជាការបិទសិទ្ធិសេរីភាព ការហួងហែង ឬការភ្លេចស្រលាញ់ខ្លួនឯង។

    • ពេលដែលអ្នកស្រលាញ់គេពេក អ្នកអាចនឹងបាត់បង់ភាពជាខ្លួនឯង។
    • ពេលដែលអ្នកហួងហែងពេក ដៃគូរបស់អ្នកអាចនឹងមានអារម្មណ៍ថាថប់ដង្ហើម។
    • ដំណោះស្រាយ៖ ស្រលាញ់ដោយការយល់ចិត្ត និងទុកចន្លោះឱ្យគ្នាទៅវិញទៅមកមានពិភពផ្ទាល់ខ្លួនខ្លះ ទើបស្នេហានោះមានស្ថិរភាព។

    ២. ខំ “ពេក”

    ការខិតខំប្រឹងប្រែងជារឿងត្រឹមត្រូវដើម្បីជោគជ័យ។ ប៉ុន្តែការ ខំពេក រហូតដល់បាក់កម្លាំង ភ្លេចបាយភ្លេចទឹក ឬគ្មានពេលឱ្យគ្រួសារ វានឹងក្លាយជាការបំផ្លាញខ្លួនឯងទៅវិញ។

    • តើមានន័យអ្វី បើអ្នកមានលុយច្រើន ប៉ុន្តែត្រូវយកទៅចាយលើថ្លៃពេទ្យ?
    • តើជោគជ័យមានន័យអ្វី បើថ្ងៃដែលអ្នកជោគជ័យ អ្នកមិនមានមនុស្សជាទីស្រលាញ់នៅក្បែរដើម្បីអបអរ?
    • ដំណោះស្រាយ៖ ខំធ្វើការ ប៉ុន្តែត្រូវចេះ “សម្រាក”។ ការសម្រាកមិនមែនមានន័យថាខ្ជិលទេ តែជាការសាកថ្មដើម្បីដើរទៅមុខបានឆ្ងាយជាងមុន។

    ៣. គិត “ពេក”

    ការចេះគិតពិចារណាធ្វើឱ្យយើងមិនងាយខុស។ ប៉ុន្តែការ គិតពេក ធ្វើឱ្យយើងក្លាយជាមនុស្សមានសម្ពាធផ្លូវចិត្ត (Stress) ភ័យព្រួយ និងមិនហ៊ានចាប់ផ្តើមធ្វើអ្វីសោះ។

    • បញ្ហាខ្លះមិនទាន់កើតឡើងផង យើងគិតទុកមុនរហូតដល់ដេកមិនលក់។
    • ដំណោះស្រាយ៖ រៀនរស់នៅជាមួយបច្ចុប្បន្នភាព។ គិតត្រឹមរឿងដែលត្រូវដោះស្រាយថ្ងៃនេះ ហើយទុកឱ្យរឿងថ្ងៃស្អែក ជាតួនាទីរបស់ថ្ងៃស្អែកចុះ។

    ៤. ល្អ “ពេក”

    ធ្វើជាមនុស្សល្អគឺប្រពៃ ប៉ុន្តែបើ ល្អពេក អ្នកនឹងក្លាយជាជនរងគ្រោះ។ មនុស្សមួយចំនួនអាចនឹងកេងចំណេញពីទឹកចិត្តរបស់អ្នក នៅពេលដែលអ្នកមិនចេះនិយាយពាក្យថា “ទេ”។

    • ដំណោះស្រាយ៖ ល្អត្រូវមានព្រំដែន។ ជួយគេតាមលទ្ធភាព ប៉ុន្តែកុំឱ្យខ្លួនឯងលំបាក។

    សរុបសេចក្តីមក ជីវិតដែលប្រកបដោយក្តីសុខ មិនមែនជាជីវិតដែលមានអ្វីៗ “ច្រើនបំផុត” នោះទេ ប៉ុន្តែជាជីវិតដែលមានអ្វីៗក្នុងកម្រិត “ល្មម”។

    • ញ៉ាំល្មម គឺឆ្ងាញ់ និងមានសុខភាព។
    • ធ្វើការល្មម គឺមានប្រសិទ្ធភាព និងរីករាយ។
    • ស្រលាញ់ល្មម គឺកក់ក្តៅ និងយូរអង្វែង។

    ចូរចងចាំថា ផ្លូវកណ្តាល ឬការរស់នៅដោយមានតុល្យភាព គឺជាសិល្បៈនៃការរស់នៅដែលធ្វើឱ្យអ្នកមានស្នាមញញឹមបានយូរអង្វែងបំផុត។ ឈប់បន្ថែមពាក្យថា “ពេក” នៅក្នុងជីវិត ហើយជំនួសមកវិញដោយពាក្យថា “សមល្មម” នោះអ្នកនឹងឃើញថាពិភពលោកនេះស្រស់បំព្រងជាងមុន៕