កាំជ្រួចជាច្រើនរយដើមត្រូវបានបាញ់ចេញពីកោះមន្តអាគម (Magic Island) ដែលនៅជាប់ឆ្នេរ Ala Moana នៃទីក្រុង Honolulu កោះហាវ៉ៃ ដើម្បីអបអរសាទរទិវាឯករាជ្យរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០១៣ កន្លងមកនេះ។
មនុស្សម្នារាប់ម៉ឺននាក់ ទាំងអ្នករស់នៅលើកោះនេះ និងអ្នកទេសចរមកពីច្រើនប្រទេស បានមកប្រមូលផ្ដុំគ្នានៅលើឆ្នេរខ្សាច់សក្បោះវែងអន្លាយ។ នៅលើសួនច្បារនានា មនុស្សជាច្រើនបានបោះតង់ អាំងសាច់ និងធ្វើម្ហូបបរិភោគដោយក្ដីសប្បាយរីករាយ និងអឺងកង។
ម៉ោង ៨:៣០ នាទី យប់ កាំជ្រួចត្រូវបានចាប់ផ្ដើមបាញ់ឡើងលើឥតឈប់ រយៈពេល ១៥ នាទី។ សំឡេងកាំជ្រួចបន្លឺឡើងកងរំពង ឯពន្លឺកាំជ្រួចចាំងចែងលើឆ្នេរខ្សាច់ លើសួនច្បារ និងបរិវេណជុំវិញ លាយឡំនឹងសំឡេងហ៊ោកញ្ចៀវពីអ្នកទស្សនា គួរឲ្យរំភើបក្រៃលែង។
ទាំងនេះគឺជាបទពិសោធន៍មួយ ដែលខ្ញុំទើបនឹងបានជួបប្រទះលើកដំបូងនៅលើទឹកដីនៃប្រទេសជឿនលឿនមួយនេះ។










បញ្ចេញមតិ
Comments 0